មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចក្នុងវិស័យអប់រំ
I.
សញ្ញាណទូទៅនៃសេដ្ឋកិច្ច និយមន័យសេដ្ឋកិច្ច
A.សញ្ញាណទូទៅ
ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ ឬមនុស្សនិងមនុស្សឆ្លុះបញ្ចាំងឱ្យឃើញពីការវិវឌ្ឍន៍ទៅមុខឥតឈប់ឈរនៃសេដ្ឋកិច្ច។តម្រូវការរបស់ក្រុមគ្រួសារ
សហគមន៍ និងសង្គមនីមួយៗដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូ
ភាពសុខដុមរម្យនា និងស៊ីវិស័យអាស្រ័យដោយការរីកចម្រើននៃខឿនសេដ្ឋកិច្ច ហើយមនុស្សរស់នៅក្នុងសង្គមត្រូវការការអប់រំដើម្បីទទួលបានចំណេះដឹង
យល់ដឹងពីវប្បធម៌ប្រពៃណី វិទ្យាសាស្រ្តបច្ចេកទេស បទពិសោធន៍
និងច្បាប់សង្គមគឺជាបាតុភូតមួយនៃដំណើរវិវឌ្ឍន៍ទៅមុខនៃសេដ្ឋកិច្ច។
មានសំណួរមួយតែងត្រូវបានគេចោទសួរថាៈ
តើសង្គមមួយបានប្រើប្រាស់ធនធានដ៏កម្ររបស់ខ្លួនតាមរបៀបណា?
សេដ្ឋកិច្ចមានតួនាទីសិក្សាបញ្ហាផលិតកម្ម និងសេវាកម្ម ចរាចរណ៍ទំនិញ
ថ្លៃទំនិញ ថ្លៃអតិផរណា ភាពគ្មានការងារធ្វើ ភាពខុសគ្នារវាងទីផ្សារសង្គមកិច្ចនិងសង្គមនិយម
សេដ្ឋកិច្ចទីផ្សា និងការបង្កើតឱ្យមានឱកាសការងារល្អប្រសើរ។
ការមើលឃើញពីបញ្ហាដែលកើតមាននៅលើទីផ្សារបែបនេះហើយ ទើបបានជាមានអ្នកសេដ្ឋកិច្ចវិទ្យាមួយបានព្យាយាមបោះពុម្ភសៀវភៅវិទ្យាសាស្រ្តសេដ្ឋកិច្ចក្នុងគោលបំណងផ្សព្វផ្សាយទ្រឹស្ដី
និងគំនិត និងការយល់ដឹងលើវិស័យសេដ្ឋកិច្ចឱ្យជ្រួតជ្រាបដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ។
ជនជាតិអង់គ្លេសម្នាក់ឈ្មោះ អាដាមស្មីត(Adam Smith) នៅឆ្នាំ១៧៧៦ បានបោះពុម្ភសៀវភៅមួយក្បាលមានចំណងជើងថាៈការសិក្សាស្រាវជ្រាវស្ដីពីធម្មជាតិ
និងមូលហេតុកើតមានធនធានរបស់មនុស្ស ដែលអត្ថន័យសំខាន់នៅក្នុងសៀវភៅនោះចង់បង្ហាញ”ប្រព័ន្ធនៃថ្លៃ និងទីផ្សារអាចសម្រួលដល់អ្នកប្រើប្រាស់
និងអ្នកផ្គត់ផ្គង់បាន ដោយមិនចាំបាច់គ្រប់គ្រងដោយទីផ្សារផ្នែកកណ្ដាលនោះទេ’’។
សៀវភៅនេះបានបោះពុម្ភស្របពេលដែលមានការផ្ទុះឡើងនូវចលនាទាមទារសេរីភាពផ្នែកនយោបាយ
និងការជិះជាន់កេងប្រវ័ញ្ចពីរបបសក្ដិភូមិអ៊ឺរ៉ុប
ព្រមទាំងការទាមទារឱ្យមានស្ថេរភាពលើថ្លៃទំនិញ និងប្រាក់បៀវត្យផងដែរ។
B. និយមន័យនៃសេដ្ឋកិច្ច
សេដ្ឋកិច្ចគឺជាការសិក្សារបៀបដែលបុគ្គល ក្រុមគ្រួសារ
សង្គមចេះលៃលកប្រើប្រាស់នូវធនធានដែលមាននៅក្នុងការផលិតចេញជាផលិតផល
និងបង្កើនសេវាកម្មផ្សេងៗដើម្បីបំពេញនូវសេចក្ដីត្រូវការឥតព្រំដែនរបស់មនុស្ស[1]
អ្នកសេដ្ឋកិច្ចចំនួន៤នាក់បានឱ្យនិយមន័យ” សេដ្ឋកិច្ចខុសពីគ្នា”[2]
(១) ទ្រឹស្ដីភោគទ្រព្យៈ
លោកអាដាមស្មីតបានកំណត់និយម សេដ្ឋកិច្ចថាជាវិទ្យាសាស្រ្តរុករកពីលក្ខណៈធម្មជាតិ
និងបុព្វហេតុនៃទ្រព្យសម្បតិ្តរបស់ជាតិ។
យោងតាមនិយមន័យនេះ
·
សេដ្ឋកិច្ចគឺជាវិទ្យាសាស្រ្តសិក្សាតែពីភោគទ្រព្យប៉ុណ្ណោះ
·
វាទាក់ទងនិងផលិតកម្ម ការចែកចាយ និងការប្រើប្រាស់
·
និយមន័យផ្ដោតលើភោគទ្រព្យនេះពាក់ព័ន្ធជាមួយបុព្វហេតុនៅពីក្រោយការបង្កើតភោគទ្រព្យហើយពិចារណាត្រឹមតែភោគទ្រព្យសម្ភារៈប៉ុណ្ណោះ។
ការរិះគន់ចំពោះនិយមន័យនេះ
·
ទ្រព្យសម្បត្តិគឺគ្មានប្រយោជន៏អ្វីឡើយដរាបណាវាមិនបំពេញសេចក្ដីត្រូវការរបស់មនុស្ស
·
និយមន័យនេះមិនសំខាន់សម្រាប់មនុស្ស និងសុខុមាលភាពនោះទេ
(២) និយមន័យសុខុមាលភាពៈ
នេះបើយោងតាម Alfred
Marshall សេដ្ឋកិច្ចគឺជាការសិក្សារបស់មនុស្សនៅក្នុងជីវិតអាជីវកម្មសាមញ្ញរបស់ពួកគេ។វាពិនិត្យមើលពីរបៀបដែលមនុស្សទទួលបានប្រាក់ចំនួនដូចម្ដេច
ហើយចំណាយទៅវិញដូចម្ដេច។ដូច្នេះហើយផ្នែកមួយនៃទ្រឹះស្ដីនេះបង្ហាញពីភោគទ្រព្យរីឯមួយជ្រុងទៀតបង្ហាញពីសុខុមាលភាពមនុស្សជាសំខាន់។
លក្ខណៈពិសេសនៃទ្រឹះស្ដីនេះគឺ
·
សេដ្ឋកិច្ចគឺជាការសិក្សាពីសកម្មភាពដែលពាក់ព័ន្ធនិងសុខុមាលភាពមនុស្សជាសម្ភារៈ
·
សេដ្ឋកិច្ចពាក់ព័ន្ធនិងការសិក្សាពីការធ្វើជំនួញធម្មតារបស់មនុស្ស។ការសិក្សារុករកពីរបៀបដែលមនុស្សម្នាក់ៗរកប្រាក់ចំណូលបាន
និងចាយទៅវិញដូចម្ដេច
·
សេដ្ឋកិច្ចគឺជាការសិក្សាពីសកម្មភាពសង្គម
និងបុគ្គលពាក់ព័ន្ធនឹងទិដ្ឋភាពនៃសុខុមាលភាពសម្ភារៈ។
·
Alfred
Marshall ផ្ដោតធ្ងន់លើសុខុមាលភាពមនុស្សរីឯ Adam Smithផ្ដោតធ្ងន់លើភោគទ្រព្យ
(៣)និយមន័យកង្វះខាតៈ
យោងតាមទ្រឹះស្ដីរបស់ Robbins
សេដ្ឋកិច្ចគឺជាវិទ្យាសាស្រ្តសិក្សាពីឥរិយាបថមនុស្សថាជាទំនាក់ទំនងរវាងមធ្យោបាយបញ្ចប់
និងកង្វះខាត វាមានន័យថាមានការប្រើប្រាស់ជាជម្រើស។
លក្ខណៈពិសេសនៃទ្រឹះស្ដី
·
តម្រូវការមនុស្សគ្មានដែនកំណត់
·
ការប្រើប្រាស់ធនធានដែលកម្រជំនួស
·
ការប្រើប្រាស់ដ៏មានប្រសិទ្ធភាពនូវធនធានដែលកម្រ
·
តម្រូវការបង្កើនប្រសិទ្ធភាព
(៤) និយមន័យតម្រង់ទិសកំណើន
លោក Paul.
A. Samuelson ផ្ដល់និយមន័យនៃពាក្យសេដ្ឋកិច្ចថាជាការសិក្សាពីរបៀបដែលមនុស្ស
និងសង្គមជ្រើសរើសប្រើ និងមិនប្រើលុយដើម្បីប្រើប្រាស់ធនធានផលិតកម្មដ៏កម្រ
ដែលមានការប្រើប្រាស់ជំនួស ដើម្បីផលិតទំនិញផ្សេងៗគ្នាតាមពេលវេលា
និងចែកចាយសម្រាប់ការប្រើប្រាស់ក្នុងចំណោមមនុស្ស
ឬសង្គមផ្សេងៗនៅពេលអនាគត់។វាវិភាគពីការតម្លៃ
និងផលប្រយោជន៍ដែលធ្វើឱ្យប្រសើរឡើងនូវទំលាប់នៃការចែកចាយធនធាន។
ដែនកំណត់នៃសេដ្ឋកិច្ច( Scope of Economics )
វិធីសាស្រ្តបុរាណ
(Traditional Approach)
|
·
សេដ្ឋកិច្ចគឺជាវិទ្យាសាស្រ្តសង្គម
·
វាសិក្សាអំពីឥរិយាបថរបស់មនុស្សថាជាសុខុមាលភាពសង្គមប្រកបដោយហេតុផល
·
វាត្រូវបានគិតថាជាវិទ្យាសាស្រ្តនៃភោគទ្រព្យពាក់ព័ន្ធនិងសុខុមាលភាពសង្គម
·
ការរកប្រាក់
និងការចំណាយប្រាក់ចំណូលត្រូវបានគេគិតថាជាសកម្មភាពចុងបញ្ចប់នៃសេដ្ឋកិច្ច
·
ភោគទ្រព្យត្រូវបានគេគិតថាជាមធ្យោបាយឆ្ពោះទៅរកទីបញ្ចប់
ជាចុងបញ្ចប់នៃសុខុមាលភាពមនុស្ស
|
វិធីសាស្រ្តទំនើប
(Modern
Approach)
|
·
មនុស្សម្នាក់ៗទាំងអ្នកប្រើប្រាស់ ឬអ្នកផលិតអាចធ្វើឱ្យប្រសើរឡើងនូលគោលដៅរបស់ខ្លួនគឺជាការសម្រេចចិត្តបែបសេដ្ឋកិច្ចមួយ
·
ដែនកំណត់នៃសេដ្ឋកិច្ចលាតសន្ធឹងក្នុងការវិភាគបញ្ហាសេដ្ឋកិច្ច
និងការផ្ដល់អនុសាស្រ្តលើការវាស់ស្ទង់គោលនយោបាយនានា
·
ដូច្នេះហើយបញ្ហាសង្គមអាចត្រូវបានពន្យល់ដោយឧបករណ៏ទ្រឹស្ដីអរូបី
ឬដោយវិធីសាស្រ្តពិសោធន៍
·
ក្នុងការពិភាក្សាលើការច្នៃប្រឌិតរកភាពល្អឥតខ្ចោះ សេដ្ឋកិច្ចគឺជាវិទ្យាសាស្រ្តវិជ្ជមាន
·
វាស្វែងរកការពន្យល់ពីបញ្ហា និងរបៀបដោះស្រាយ
·
ក្នុងសម័យទំនើបវាជាវិទ្យាសាស្រ្តវិជ្ជមានក៏ជាវិទ្យាសាស្រ្តដែលកើតជាច្បាប់ផងដែរ
·
អ្នកសេដ្ឋកិច្ចសម័យបច្ចុប្បន្នដោះស្រាយវិបត្តិសេដ្ឋកិច្ចមិនគ្រាន់តែក្នុងនាមជាអ្នកសេដ្ឋកិច្ចនោះទេតែគួរជាអ្នកដោះស្រាយវិបត្តិសេដ្ឋកិច្ចពិតៗ
·
សេដ្ឋកិច្ចសុខុមាលភាព និងសេដ្ឋកិច្ចកំណើនមានលក្ខណៈ បទដ្ឋាន
ជាង វិជ្ជមាន
Normative economic is the economic thought in which
one applies moral beliefs , judgment , claiming that an outcome is good or
bad .for example, this tax on cigarette will be good because it will reduce
smoking. Contrast with positive economics( a branch of economics that
concerns the description and explanation of economic phenomena and their
causal relationships.)
|
C.
មែកធាងនៃសេដ្ឋកិច្ច(Subject matter of Economics)
មុខវិជ្ជានៃសេដ្ឋកិច្ចត្រូវបានបែងចែកជាពីរមែកធាងធំៗ
(១)សេដ្ឋកិច្ចខ្នាតតូច និង(២)សេដ្ឋកិច្ចខ្នាតធំ
លក្ខណៈនៃសេដ្ឋកិច្ចខ្នាតតូច
·
សិក្សាពីឥរិយាបថសេដ្ឋកិច្ចរបស់អង្គភាពសេដ្ឋកិច្ចតូចៗនីមួយៗ
·
សិក្សាពីលក្ខណៈសេដ្ឋកិច្ចនៃទំនិញប្រើប្រាស់នៅក្នុងផ្ទះក្រុមហ៊ុន
ឧស្សាហកម្មពីមុខវិជ្ជាសេដ្ឋកិច្ចខ្នាតតូច
·
វាត្រួតពិនិត្យថាតើធនធានត្រូវបានលៃលកដោយប្រសិទ្ធភាព និងបញ្ជាក់យ៉ាងពិស្ដានូវលក្ខ័ណលៃលកធនធានដ៏ប្រសើរបំផុតដើម្បីធ្វើឱ្យខ្ពស់បំផុតនៃទិន្នផល
និងសុខុមាលភាពសង្គម
·
សេដ្ឋកិច្ចខ្នាតតូចពាក់ព័ន្ធនិងរបៀបដែលអ្នកប្រើប្រាស់នីមួយៗបែងចែកប្រាក់ចំណូលទៅលើផលិតផល
និងសេវាកម្មដើម្បីពង្រីកការប្រើប្រាស់
·
ដូច្នេះហើយសេដ្ឋកិច្ចខ្នាតតូចទាក់ទងនិងទ្រឹស្ដីនៃតម្លៃផលិតផល
កត្តាតម្លៃ និងសុខុមាលភាពសេដ្ឋកិច្ច។
លក្ខណៈនៃសេដ្ឋកិច្ចខ្នាតធំ
·
សេដ្ឋកិច្ចខ្នាតធំពាក់ព័ន្ធនិងមុខងារនៃសេដ្ឋកិច្ចទាំងមូល
·
វាស្វែងរកការពន្យល់ពីរបៀបដែលទិន្នផលនៃទំនិញ
និងសេវាកម្មសេដ្ឋកិច្ចទាំងអស់ ហើយនិងការប្រើប្រាស់ទាំងអស់ត្រូវបានកំណត់
និងពន្យល់ពីមុខងារក្នុងកំរិតទិន្នផល និងការប្រើប្រាស់
·
វាក៏ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចទាំងមូលដូចជាការប្រើប្រាស់បានពេញលេញ
ឬមិនពេញលេញ ផលិតបានពេញលទ្ធភាព ឬក្រោមលទ្ធភាព អត្រារីកចម្រើនទាប ឬខ្ពស់ អតិផរណា
ឬបរត្តិផរណា
·
វាជាទ្រឹស្ដីនៃប្រាក់ចំណូលជាតិ កំលាំងពលកម្ម ការប្រើប្រាស់ទាំស្រុង
ការសន្សំ និងការវិនិយោគ កម្រិតតម្លៃទូទៅ និងកំណើនសេដ្ឋជាទូទៅ។
D.
ឯករាជភាពរវាងសេដ្ឋកិច្ចខ្នាតតូច
និងសេដ្ឋកិច្ចខ្នាតធំ
·
ការវិភាគនៃសេដ្ឋកិច្ចខ្នាតតូច
និងសេដ្ឋកិច្ចខ្នាតធំគឺជាការបំពេញគ្នាទៅវិញទៅមក
·
វាមិនត្រឹមតែបំពេញឱ្យនោះទេថែមទាំងបង្រ្គប់ឱ្យទៀតផង
·
គោលបំណងរួមនៃទ្រឹស្ដីទាំងពីរគឺដូចគ្នាគឺការបង្កើតឱ្យដល់កម្រិតអតិបរិមានៃសុខុមាលភាពសម្ភារនៃជាតិ
·
ពីទស្សនៈសេដ្ឋកិច្ចខ្នាតតូច សុខុមាលភាពសម្ភាររបស់ជាតិ
និងត្រូវបានបង្កើតឱ្យដល់កម្រិតអតិបរិមាដោយការសម្រេចបាននូវការប្រើប្រាស់ធនធានដ៏ប្រសើរ។
·
ពីទស្សនៈសេដ្ឋកិច្ចខ្នាតធំសុខុមាលភាពសម្ភាររបស់ជាតិ
និងត្រូវបានបង្កើតឱ្យដល់កម្រិតអតិបរិមាដោយការសម្រេចបាននូវការប្រើប្រាស់ធនធានផលិតផលសេដ្ឋកិច្ចពេញលេញ។
·
ការសិក្សានៃសេដ្ឋកិច្ចទាំងពីរនេះវាសំខាន់ដូចគ្នាដើម្បីទទួលបាននូវចំណេះដឹងពេញលេញនៃមុខវិជ្ជាសេដ្ឋកិច្ច
·
អ្នកសេដ្ឋកិច្ចសហសម័យមានការពាក់ព័ន្ធជាមួយនិងសេដ្ឋកិច្ចទាំងពីរប្រភេទនេះ។
C.ធម្មជាតិនៃសេដ្ឋកិច្ច(Nature of Economics)
ធម្មជាតិនៃសេដ្ឋកិច្ចសំដៅលើថាតើសេដ្ឋកិច្ចគឺជាវិទ្យាសាស្រ្ត
ឬសីល្បៈ ឬក៏ទាំងពីរ ហើយប្រសិនបើវាជាវិទ្យាសាស្រ្តតើវាជាវិទ្យាសាស្រ្តវិជ្ជមាន ឬវិទ្យាសាស្រ្តបទដ្ឋាន
ឬទាំងពីរ
សេដ្ឋកិច្ចគឺជាវិទ្យាសាស្រ្ត
·
យើងជាញឹកញាប់បានបញ្ជាក់ហើយថាវាជាវិទ្យាសាស្រ្ត
ហើយវាជាវិទ្យាសាស្រ្តសង្គមដែលសិក្សាពីសកម្មភាពសេដ្ឋកិច្ចរបស់មនុស្ស។
·
វាជាអង្គចំណេះដឹងជាប្រព័ន្ធ ព្រោះវាពន្យល់ពីទំនាក់ទំនងរវាងហេតុនិងផលជាមួយនិងអថេរផ្សេងៗទៀតដូចជា
តម្លៃ តម្រូវការ ការផ្គត់ផ្គង ការផ្គត់ផ្គងថវិកា ផលិកម្ម ចំណូលជាតិ
កំលាំងពលកម្ម ។ល។
·
ច្បាប់សេដ្ឋកិច្ចដូចជាច្បាប់វិទ្យាសាស្រ្តដទៃទៀត
បញ្ជាក់អ្វីនិងកើតឡើងនៅពេលដែលលក្ខ័ណជាក់លាក់ត្រូវបានបំពេញ។
·
នេះជាវិធីសាស្រ្តទាញរកហេតុផលបែបបូរាណដែលទ្រឹស្ដីសេដ្ឋកិច្ចត្រូវបានគេធ្វើអនុមាន
ឬសេចក្ដីសន្និដ្ឋានរួមដោយហេតុផលឡូសិច។
·
ច្បាប់នៃតម្រូវការសេដ្ឋកិច្ចបញ្ជាក់ថាការធ្លាក់ចុះក្នុងតម្លៃនៃការប្រើប្រាស់ឬទំនិញផលិតផល
និងឈានទៅរកបរិមាណដ៏ច្រើននៃវត្ថុផ្សេងទៀតដែលកំពុងត្រូវបានផ្ដល់ឱ្យជាតម្រូវការ
ដូចជាចំណូលរបស់អ្នកប្រើប្រាស់ តម្លៃនៃទំនិញផ្សេងៗ.....នៅតែដូចដើម។
សេចក្ដីសន្និដ្ឋាន
ទោះបីជាមានការឱ្យនិយមន័យផ្សេងៗពីគ្នាយ៉ាងណាក៏ដោយ
យើងអាចសន្និដ្ឋានបានថាសេដ្ឋកិច្ចពិតជាមានទំនាក់ទំនងឥតដាច់ជាមួយនឹងធម្មជាតិ មនុស្ស
សង្គម សហគមន៍ និងការអប់រំ។មនុស្សមានតម្រូវការគ្មានដែនកំណត់
ដូចជាតម្រូវការលើភោគទ្រព្យ តម្រូវការលើសុខុមាលភាព តម្រូវការលើចំណេះដឹងថ្មីៗ
និងតម្រូវការក្នុងការតម្រង់ទិសអនាគត់។ដូច្នេះហើយការប្រើប្រាស់ធនធានដ៏កម្រក្នុងការផលិត
ចែកចាយ សម្រាប់ការប្រើប្រាស់ក៏ត្រូវតែមានសិក្សាយល់ដឹងស៊ីជម្រៅផងដែរ។យើងមិនអាចហាមឃាត់
ឬក៏បំពេញបានតាមតម្រូវការរបស់យើងម្នាក់ៗបានទេ ព្រោះតែកង្វះខាត និង បរិមាណ
ប៉ុន្ដែយើងអាចបង្រួមគម្លាតនៃតម្រូវការឱ្យទៅជាពីរបានគឺ(១) ត្រូវការឱ្យបានតិច និង(២)
ត្រូវការឱ្យបានច្រើន។គ្មានវិធីណាមួយល្អប្រសើរជាងវិធីណាមួយទេ តែអ្នកសេដ្ឋកិច្ចបានកំណត់យករបៀបទី២
គឺតម្រូវការឱ្យច្រើន
។អ្នកសេដ្ឋកិច្ចបានពន្យល់ថាទំនិញសេដ្ខកិច្ចជាទំនិញដែលដោះដូរទៅវិញទៅមកបាន
និងមានប្រយោជន៍ ហើយធនធានដ៍កម្រដែលអាចដោះដូរបាននិងមិនបាត់បង់នោះឡើយ។ឧទាហរណ៏ៈយើងត្រូវការចំណីអាហារច្រើន
សំលៀកបំពាក់ ទីជម្រក...ដើម្បីបំពេញសេចកដីត្រូវការខ្លួនយើង
ដូច្នេះហើយពង្រីកសេដ្ឋកិច្ចដោយប្រើប្រាសធនធានសម្រាប់ផលិតចែកចាយ និងប្រើប្រាស់។រីឯទំនិញដែលមិនអាចដោះដូរបានដូចជា
ថាមពលនៃរូបរាងកាយក្នុងការលេងកីឡា ចំណង់ចំណូលចិត្តលើអ្វីមួយ ក្ដីស្រលាញ់នៃក្រុមគ្រួសារ...គឺយើងមិនអាចផលិតបាន
ឬក៏ដោះដូរបាននោះទេ។ តែទោះយ៉ាងណាក៏ដោយមនុស្សតែងតែច្របាច់បញ្ជូលគ្នានូវទំនិញសេដ្ឋកិច្ច
និងទំនិញមិនសេដ្ឋកិច្ចដើម្បីបំពេញនូវតម្រូវការរៀងៗខ្លួន។
II.
ទំនាក់ទំនងរវាងសេដ្ឋកិច្ច សង្គម និង ការអប់រំ
A.
ការអប់រំមុនសម័យអាណានិគមន៍បារាំង
ប្រទេសកម្ពុជាជាប្រទេសដែលកាន់ព្រះពិទ្ធសាសនា និង ព្រាហ្មណ៍សាសនាផង។ដូច្នេះហើយការសិក្សាស្ថិតក្រោមឥទ្ធិពលនៃសាសនាទាំងពីរនេះ
នៅសម័យនគរភ្នំ ការសិក្សាបានរីកចម្រើនហើយ
តែការសិក្សាទាំងនោះកើតឡើងក្នុងចំណោមព្រះសង្ឃ
មិនទាន់កើតឡើងលើប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនោះទេ។ជាក់ស្ដែង ពិក្ខុ
សាមណេរបានទទួលការសិក្សារហូតដល់វិជ្ជាជាន់ខ្ពស់
ចេះវិជ្ជាច្រើនភាសាមានភាសាសាស្រ្តជាដើម ។
ព្រះមហាថេរៈសង្ឃបាលបានបកប្រែព្រះត្រៃបិដក
និងគម្ពីវិសុទ្ធិមគ្គទៅជាភាសាចិននៅការិយាល័យនគរភ្នំ។
សម័យចេនឡាក៏ជាដំណាក់មួយដែលមានការរីកចម្រើនខ្លាំងផ្នែកវិស័យអប់រំដែរ។មន្រ្តីអ្នកការជាច្រើនបានទទួលការអប់រំរៀនសូត្រអក្សរសាស្រ្តបាលីសំស្រ្កឹតខ្ពង់ខ្ពស់ផងដែរ។
មន្រ្តីម្នាក់ឈ្មោះ សឹង្ហវីរៈ ជាចិត្តកវីឯក ក្នុងរាជ្យព្រះបាទ ឦសានវរ្ម័ន១ គ.ស៦៨១។
មកដល់សម័យមហានគរ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧
ការសិក្សាឡើងដល់កម្រឹតខ្ពស់បំផុត។គេសង្កេតឃើញមានអ្នកប្រាជ្ញផ្នែក ព្រះពុទ្ធសាសនា
ទាំងសាសនាព្រាហ្មណ៍ ខ្លះជាបរោហិត ខ្លះជាព្រះរាជគ្រូជាដើម។នៅក្នុងព្រះរាជដំណាក់
មានមហាវិទ្យាល័យជាន់ខ្ពស់សម្រាប់ព្រះរាជត្រកូល។ នៅក្នុងវត្តជ័យស្រី(ព្រះខាន់)
មានព្រះនាងឥន្រ្តទេវីជាសាកលវិទ្យាធិការ។ នៅក្នុងវត្តរាជវិហារ(វត្តតាព្រហ្ម)
មានព្រមហាថេរៈថ្នាក់បណ្ឌិត ១៨អង្គ និងសាស្រ្តាចារ្យមាន២៧៤០អង្គ[3]
សម័យក្រោយនគរគឺនៅគ្រឹស្ដសតវត្យទី១៦ ១៧ និង ១៨
ការសិក្សាមានសភាពរាវស្ដួចបន្តិចម្ដងៗ
ស្ទើតែផុតរលត។ប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនា
តែប្រពៃណីសិក្សានៅតែយកបែបព្រាហ្មណ៏សាសនា
គឺឪពុកម្ដាយបញ្ជូនកូនឱ្យទៅសិក្សានៅវត្តជាមួយព្រះសង្ឃ។ វិជ្ជាសព្វមុខត្រូវបានបង្រៀននៅក្នុងវត្តអារ៉ាមដូចជា
អក្សរសាស្រ្ត គណិតសាស្រ្ត ហោរាសាស្រ្ត ពេទ្យសាស្រ្ត សិល្បសាស្រ្ត យុទ្ធសាស្រ្ត
វិស្វកម្មសាស្រ្ត ជាដើម។
នៅសតវត្យទី១៩ ក្នុងរាជព្រះបាទ អង្គដួង
ទ្រង់ជាមហាស្ដម្ភដ៏ប្រសើរក្នុងការសិក្សា។
ព្រះអង្គបានចាត់ចែងឱ្យមានការសិក្សាភាសាបាលីនៅក្នុងវត្តធំជាច្រើន។ព្រះអង្គដួងទ្រង់ជាអ្នកប្រាជ្ញ
ទ្រង់ជាកវី ទ្រង់ជាបណ្ឌិត ទ្រង់ជាអ្នកនិពន្ធដ៏វិសេស ហើយទ្រង់ក៏ជាសាស្រ្តាចារ្យឯក។ សម័យនោះ
ព្រះបរមរាជវាំងឧដុង្គជាសាកលវិទ្យាល័យ ដែលមានព្រះអង្គដួងផ្ទាល់ជាសាកលវិទ្យាធិការ។
សេចក្ដីសន្និដ្ឋាន
តាមការបង្ហាញពីស្ថានភាពអប់រំពីសម័យនគរភ្នំ រហូតដល់សតវត្យទី១៩
ឃើញថាមានសភាពរីកចម្រើនក្រៃលែងគួរឱ្យកត់សម្គាល់់។កត្តារីកចម្រើននេះអាចនឹងបណ្ដាលមកពីស្ថានភាពនៃស្ថេរភាពនយោបាយនឹងនរ
ទោះបធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋល្អ
ដូច្នេះហើយប្រជាពលរដ្ឋមានការយកចិត្តទុកដាក់ខ្លាំងលើវិស័យអប់រំ។ជាក់ស្ដែងនៅសម័យមហាអង្គរត្រូវបានគេមើលឃើញថាសេដ្ឋកិច្ចឈានដល់ចំណុចកំពូលលើគ្រប់វិស័យ
ជាពិសេសវិស័យអប់រំ។
B.
ការអប់រំក្រោយសម័យអាណាព្យាបាលបារាំង
ក្រោយពីការផ្លាស់រាជធានីពីឧដុង្គមកភ្នំពេញវិញ នៅឆ្នាំ១៨៦៧
ព្រះបាទនរោត្តមបានបង្កើតសាលារៀនមួយសម្រាប់បុត្រាបុត្រី
ដែលបង្រៀនភាសាបារាំងដំបូងដោយលោក ការ៉ាម៉ង់។ការសិក្សានាសម័យនោះ
ភាគច្រើនដើម្បីបំពេញតម្រូវការការងាររដ្ឋបាលបារាំងតែប៉ុណ្ណោះ
ដូច្នេះហើយប្រជាពលរដ្ឋធម្មតាមិនសូវមានឱកាសបានសិក្សានោះទេ។ក្រោយមកនៅឆ្នាំ១៩១១
រដ្ឋបាលបារាំងបានបង្កើតសាលារៀនតាមឃុំ ដោយផ្គត់ផ្គង់ដោយថវិកាឃុំ
និងជ្រើសរើសគ្រូដោយលោករ៉េស៊ីដង់ប្រចាំខេត្ត និងអធិការបឋមសិក្សាប្រចាំខេត្ត។មិនយូរប៉ុន្មាន
សាលារៀនតាមឃុំបានប្ដូរទៅជាសាលាបឋមសិក្សាជាន់ដំបូង
ដោយទទួលការផ្គត់ផ្គង់ថវិកាពីរដ្ឋ។នៅកម្រឹតបឋមសិក្សាជាន់ដំបូងនេះសិស្សមានសិទ្ធប្រឡងយកវិញ្ញាបត្របញ្ជាក់ពីចំណេះដឹង
និងបញ្ចប់ការសិក្សាបីកម្រឹតគឺ កុមារដ្ឋាន(អាយុ៧ឆ្នាំ),បរិវច្ចណដ្ឋាន(អាយុ៨ឆ្នាំ)
និង អាទិកដ្ឋាន(អាយុ៩១ឆ្នាំ)។កុមារទាំងពីរភេទមានសិទ្ធប្រឡងត្រូវមានអាយុ១០ឆ្នាំ
(សិស្សប្រុស)
អាយុ១១ឆ្នាំ(សិស្សស្រី)។សិស្សដែលប្រឡងជាប់ពីសាលាបឋមសិក្សាជាន់ដំបូងគ្រប់ស្រុកត្រូវទៅបន្តការសិក្សានៅសាលា
បឋមសិក្សាបំពេញវិជ្ជា។ភូមិសិក្សាបឋមបំពេញវិជ្ជាមានបីថ្នាក់គឺ មជ្ឈិមដ្ឋានទី១ និង២
និង
ថ្នាក់ប្រឡងយកវិញ្ញាបនបត្របំពេញវិជ្ជា។បេក្ខជនត្រូវទៅប្រឡងនៅរាជធានីភ្នំពេញទាំងអស់គ្នាដោយមានវិញ្ញាសាពីរប្រភេទគឺ
(១)វិញ្ញាសាសរសេរ និង សំណួរផ្ទាល់មាត់។
តាមឋានានុក្រម គ្រឹះស្ថានសិក្សាដែលខ្ពស់ជាងសាលាបឋមសិក្សាបំពេញវិជ្ជាគឺសាលាបឋមសិក្សាជាន់ខ្ពស់
ដែលមានឈ្មោះដើមពីសាលាអនុវិទ្យាល័យអាណាព្យាបាលដោយព្រះបាទស៊ីសុវត្តិនៅក្នុងឆ្នាំ១៩០៥។
អនុវិទ្យាល័យស៊ីសុវត្តិត្រូវបានទទួលនាមជាវិទ្យាល័យស៊ីសុវត្តតាំងពីឆ្នាំ១៩៣៥
ដោយមានត្រឹមតែថ្នាក់ទី២ និងថ្នាក់ទី១។ភូមិសិក្សា មធ្យមភូមិ ឬទុតីយភូមិ
គឺជាឈ្មោះតែមួយត្រូវបានរៀបចំយ៉ាងពេញលេញនិងត្រឹមត្រូវនៅឆ្នាំ ១៩៤២។ នៅឆ្នាំ១៩៤៨
គ្រឹះស្ថានឧត្តមសិក្សាវិទ្យាស្ថានជាតិ បានបើកទ្វារ ដោយបង្រៀនយុត្តិធម្មសាស្រ្ត
នយោបាយ និងសេដសាស្រ្ត។
C.
ការសិក្សាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកដល់ដំណាច់ឆ្នាំ១៩៩៨
និង ១៩៩៩
ក្នុងរយះពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃក្នុងរបបឃោឃៅ និងព្រៃផ្សៃប៉ុល ពត
ការសិក្សាគឺជាការសិក្សាដែលយកនង្គល រនាស់ ចប ជាដងប៉ាការ
ដើម្បីប្រឡងយកសញ្ញាបត្រឃើញ។គ្រូបង្រៀន បញ្ញវន្ត
អ្នកចេះដឹងត្រូវរស់ដោយការលាក់ប្រវត្តិ និងបំពេញការងារដ៏ក្ដៅគគុក។តែក្រោយថ្ងៃរំដោះ
០៧ កមរា ១៩៧៩ រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងវិញដោយប្រមូលយកអតិតសិស្សសាលាបឋម
អនុវិទ្យាល័យ វិទ្យាល័យឱ្យមកបម្រើការនៅតាមមន្ទីរ ក្រសួងនានា។ ថ្ងៃទី២៤ កញ្ញា
ឆ្នាំ១៩៧៩
បវេសនកាលឆ្នាំសិក្សាថ្មីបានចាប់បដិសន្ធិឡើងនៅប្រទេសកម្ពុជា។ពេលនោះគេសង្កេតឃើញថាមានការកំណែទម្រង់ជាច្រើនដូចជា
·
ប្រព័ន្ធសិក្សាចំណេះទូទៅ ពី១០ ទៅ១១ ឆ្នាំ ទៅជា១២
ទៅ១២ឆ្នាំ
·
ការកែប្រែកម្មវិធីសិក្សាថ្មី
·
ការនិពន្ធ និងបោះពុម្ពសៀវភៅសិក្សាគោល
·
កិច្ចសហប្រតិ្តការជាមួយអង្គការអន្តរជាតិ
សេចក្ដីសន្និដ្ឋាន
ក្រោយការកាន់កាប់របស់អាណាព្យាបាលបារាំង បាននាំការអប់រំធ្លាក់ចុះជាបណ្ដើរៗ
ដោយវិបត្តិជាច្រើនបានកើតមានបង្កដោយអាណាព្យាបាលឃោឃៅ។ការអប់រំទទួលបានចំពោះតែពូជពង្សស្ដេច
មន្រ្តីជាន់ខ្ពស់ ការអប់រំមិនផ្ដល់យ៉ាងទូលំទូលាយដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈឡើយ។
ជាពិសេសការអប់រំទាំងនោះធ្វើឡើងដើម្បីតែបំពេញតម្រូវការជាប្រយោជន៏របស់បារាំងតែប៉ុណ្ណោះ។ស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនាពេលនោះមានដុនដាបទៅៗតាមរយះការដាក់ព័ន្ធអាកររបស់ពួកបារាំង។
មិនត្រឹមតែប៉ុណ្ណោះការអស្ថេរភាពផ្នែកនយោបាយ
បង្កឱ្យប្រទេសជាតិទាំងមូលធ្លាក់ចូលក្នុងភ្លើងសង្រ្គាមដែលធ្វើប្រទេសឈានដល់ចំណុចសូន្យលើគ្រប់វិស័យ។នៅសម័យប៉ុល
ពត ពលរដ្ឋឈប់គិតពីការចេះអានអក្សរ គណនាអ្វីទៀតហើយ
គិតតែប្រឹងធ្វើខ្លួនឱ្យល្អកុំឱ្យមានការចោទប្រកាន់យកទៅសំលាប់
និងវិធីបំពេញក្រពះខ្លួនឯងតែប៉ុណ្ណោះ។
III.
គោលដៅនៃការអប់រំសតវត្យទី២១
ក្រោយសន្ដិភាពរយះពេល២០ឆ្នាំចុងក្រោយ ភាពនឹងនរនៃនយោបាយ
ការរីកចម្រើននៃសេដ្ឋកិច្ច ធ្វើឱ្យមានកំណើននៃការវិនិយោគបរទេសលើវិស័យអប់រំ។គោលដៅនៃការអប់រំគឺជាការផលិតពលរដ្ឋពេញលេញមួយឈរលើលក្ខណៈទ្រឹស្ដីចិត្តវិទ្យាទាំង៤គឺ
ភាពពេញលេញខាងផ្នែករាងកាយ ភាពពេញលេញផ្នែកប្រាជ្ញាស្មារតី ភាពពេញលេញផ្នែកសតិអារម្មណ៏
និងភាពពេញលេញផ្នែកទំនាក់ទំនងក្នុងសង្គម។
តាមចក្ខុវិស័យថ្មីរបស់វិស័យអប់រំឆ្នាំ២០៣០ បានលើកឡើងថា”
ធានាឱ្យបាននូវការអប់រំប្រកបដោយគុណ បរិយាប័ន្ន សមធម៌
រួមទាំងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។[4]”ការអប់រំត្រូវរុញធនធានមនុស្សឱ្យសិក្សាដល់កម្រឹត
Master និង Dr.
ព្រោះទាល់តែធនាធានមានចំណេះដឹងខ្ពស់ទើបឆ្លើយតបតាមតម្រូវការទីផ្សារ។ផ្អែកលើផែនការយុទ្ធសាស្រ្តដំណាក់កាលទី៣(២០១៤-២០១៨) និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤(២០១៨-២០២៣)
ស្របទៅនឹងសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ត្រូវអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាព និងគុណភាពខ្ពស់
ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជេងរបស់ប្រទេស។[5]
យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ បែងចែកជា៤ចតុកោណ
ចតុកោណទី១៖ការអភិវឌ្ឍន៍ធនាធានមនុស្ស
ü ពង្រឹងគុណភាពវិស័យអប់រំ
វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
ü បណ្ដុះបណ្ដាលជំនាញបច្ចេកទេស
ü ការលើកម្ពស់សេវាសុខភាពសាធារណៈ
និងអាហារូបត្ថម្ភ
ü ពង្រឹងសមភាពយេនឌ័រ
និងការគាំពារសង្គម
ចតុកោណទី២៖ការធ្វើពិធិកកម្មសេដ្ឋកិច្ច
ü ការកែលម្អប្រព័ន្ធឡូជីស្ទិក
ការលើកកំពស់ ការផ្សារភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និង ឌីជីថល
ü ការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចគន្លិះ
និងថ្មីៗ
ü ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល
និងឆ្លើយតបទៅនិងបដិវត្តិឧស្សាហកម្មឌីជីថលទី៤
ü ការជំរុញការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ
និងធនាគារ
ចតុកោណទី៣៖ការអភិវឌ្ឍវិស័យឯកជន និងការងារ
ü អភិវឌ្ឍទីផ្សារការងារ
ü ការលើស្ទួសហគ្រាសធនតូច
ធនធំ និសហគ្រិនភាព
ü ការរៀបចំ
និងអនុវត្តភាពជាដៃគូរវាងវិស័យសាធារណៈ និង វិស័យឯកជន
ü ការពង្រឹងការប្រកួតប្រជែង
ចតុកោណទី៤៖ការអភិវឌ្ឍន៍ប្រកបដោយចីរកាល និង បរិយាប័ន្ន
ü ការលើកស្ទួយវិស័យកសិកម្ម
និងអភិវឌ្ឍន៍ជនបទ
ü ការគ្រប់គ្រងធនធានធម្មជាតិ
និងវប្បធម៌មប្រកបដោយចីរភាព
ü ការពង្រឹងការគ្រប់គ្រងនគររូបនីយកម្ម
ü ការធានាចីរភាពបរិស្ថាន
និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ
A.
ស្ថានភាពហិរញ្ញវត្ថុវិនិយោគលើវិស័យអប់រំនៅកម្ពុជា
ü នៅឆ្នាំ២០១៦
ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវគោលនយោបាយចំនួន២គឺ
ទី១៖ធានាលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌
ទី២៖លើកម្ពស់គុណភាព និងភាពឆ្លើយតប
ដើម្បីសម្រេចគោលបំណងគោលនយោបាយខាងលើ
ក្រសួងបានរៀបចំកម្មវិធីចំនួន៥គឺ៖
១.ការអភិវឌ្ឍការអប់រំក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ
និងមិនផ្លូវការ
២.ការអភិវឌ្ឍឧត្តមសិក្សា និងការស្រាវជ្រាវ
៣.ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា
៤.ការអភិវឌ្ឍជំនាញបច្ចេកទេស
និងជំនាញទន់សម្រាប់យុវជន
៥.ការគាំទ្រសេវាអប់រំ និងអភិបាលកិច្ចល្អ
សរុបថវិកាគម្រោងចំណាយលើវិស័យអប់រំក្នុងឆ្នាំ២០១៦
គឺ ២០២៩ ៨៩៧ លានរៀល[6]
ü ឆ្នាំ២០១៨ ក្រសួងអប់រំ
យុវជន និងកីឡាបានដាក់ចេញនូវគោលនយោបាយចំនួន២ថ្មីគឺ
ទី១៖ធានាឱ្យការអប់រំមានគុណភាពប្រកបដោយសមធម៌
និងបរិយាប័ន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំអស់គ្នា។
ទី២៖ធានាភាពសក្កិសិទ្ធនៃភាពជាអ្នកដឹកនាំ
និងគ្រប់គ្រងរបស់មន្រ្តីគ្រប់លំដាប់ថ្នាក់
ដើម្បីសម្រេចគោលបំណងគោលនយោបាយខាងលើ
ក្រសួងបានរៀបចំកម្មវិធីចំនួន៥ដដែលគឺ៖
១.ការអភិវឌ្ឍការអប់រំក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ
និងមិនផ្លូវការ
២.ការអភិវឌ្ឍឧត្តមសិក្សា និងការស្រាវជ្រាវ
៣.ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា
៤.ការអភិវឌ្ឍជំនាញបច្ចេកទេស
និងជំនាញទន់សម្រាប់យុវជន
៥.ការគាំទ្រសេវាអប់រំ និងអភិបាលកិច្ចល្អ
សរុបថវិកាគម្រោងចំណាយលើវិស័យអប់រំក្នុងឆ្នាំ២០១៨
គឺ ២៧០៥ ៤៥៧ លានរៀល[8]
ü ឆ្នាំ២០១៩ ក្រសួងអប់រំ
យុវជន និងកីឡា ក៏នៅតែបន្តអនុវត្តគោលនយោបាយ និងកម្មវិធីចាស់របស់ឆ្នាំ ២០១៨ ដដែល
ប៉ុន្ដែគម្រោងនៃការចំណាយថវិកាគឺ ២៩៤៩ ៦០៤ លានរៀល[9]
សេចក្ដីសន្និដ្ឋាន
នៅក្នុងឆ្នាំ២០១៩ គម្រោងថវិការ ត្រូវបានប្រើប្រាស់ផ្ដោតលើ
គោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាៈ ការអភិវឌ្ឍធនធានមនុស្ស
ការកសាងហេដ្ឋារចនា សម្ព័ន្ធរូបវន្ត ការបញ្ចុះថ្លៃអគ្គីសនី និងទឹកស្អាត
ការជួសជុលនិងថែទាំហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់
ការធ្វើពិធកម្មសេដ្ឋកិច្ច ការពង្រីកវិសាលភាព
និងពង្រឹងគុណភាពនៃសេវាសាធារណៈគ្រប់ប្រភេទ ជាពិសេសសេវាអប់រំ សេវាសុខាភិបាល
សេវាយុត្តិធម៌ និងសេវាមូលដ្ឋានចាំបាច់ដទៃទៀត និងការពង្រឹងសមត្ថភាពស្ថាប័ន
ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងការអនុវត្តរបបគាំពារសង្គម
ដោយឈរលើគោលការប្រសិទ្ធភាព ទាំងក្នុងកម្រិតវិភាជន៍ និក្នុងកម្រឹតប្រតិបត្តិការ
និងបច្ចេកទេស។
IV.
មូលដ្ឋានគ្រឹះសេដ្ឋកិច្ចក្នុងវិស័យអប់រំ
A.
ការព្យាករណ៏នៃការចំណាយធនធានហិរញ្ញវត្ថុចន្លោះឆ្នាំ២០១៧-២០៣០
ការប៉ាន់ស្មានការចំណាយលើវិស័យអប់រំ នៅកម្ពុជាឆ្នាំ២០៣០
ត្រូវបានគណនាតាមចំណោលប្រជាជន និងកំណើនសេដ្ឋកិច្ចចាប់ពីឆ្នាំ២០១៦ ដល់
២០៣០។តាមការព្យាករណ៏របស់មូលនិធិរូបិវត្ថុអន្តរជាតិកំណើន ផ.ស.សរបស់កម្ពុជា
នងនៅបន្តចន្លោះពី៧ភាគរយ ទៅ៨ភាគរយពីឆ្នាំ២០១៦ ដល់ ២០៣០ ដូច្នេះការវិភាជន៍ថវិកាលើវិស័យអប់រំគិតជាភាគរយនៃ
ផ.ស.ស និងបន្តកើនឡើងបន្តិចម្ដងៗ ពី២.៣%នៅឆ្នាំ២០១៦ ដល់៤.៥% នៅឆ្នាំ២០៣០។ដូចគ្នាដែរ
ការចំណាយលើវិស័យអប់រំគិតជាភាគរយនៃចំណាយសរុបរបស់រដ្ឋាភិបាលនិងកើនឡើងពី១៨,៣
ភាគរយនៅឆ្នាំ២០១៦ ដល់២០ ភាគរយនៅឆ្នាំ២០៣០។នៅឆ្នាំ២០១៦
ការចំណាយធនធានហិរញ្ញវត្ថុនៅក្នុងវិស័យអប់រំប្រមាណជា៧៦៤ លានដុល្លាអាមេរិក
ដែលបរិមាណនេះនិងកើនឡើងដល់ ១២៨៥ លានដុល្លាអាមេរិកនៅឆ្នាំ២០២៣ និង១៧២៧
លានដុល្លាសហរដ្ឋអាមេរិកនៅឆ្នាំ២០៣០។[10]
B.
គោលការណ៍ផ្ដល់មូលនិធិដំណើរការសាលារៀនសាធារណៈ
មូលនិធិដំណើរការសាលារៀនត្រូវបានផ្ដល់ជូនជាប្រាករៀល
និងត្រូវបែងចែកផ្នែកតាមឆ្នាំសារពើពន្ធ(ឆ្នាំថវិកា) ដែលមានរយះពេល ១២
ខែដោយគិតចាប់ពីថ្ងៃទី០១ខែមករា ដល់ថ្ងៃទី៣១ខែធ្នូនៃឆ្នាំនីមួយៗ[11]
រូបមន្ដនៃការរៀបចំថវិកា
ថវិការដ្ឋ៖ ត្រូវបានផ្ដល់ជូនតាននិយាមដែលមានចែងក្នុងប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច
និងក្រសួងហិរញ្ញវត្ថុ និងក្រសួងអប់រំយុវជន និងកីឡា
ស្ដីពីគោលការចំណាយសម្រាប់អនុវត្តថវិកាកម្មវិធីនៅក្រសួងអប់រំ យុវជន និងកីឡា។
ថវិការដៃគូ៖ ដៃគូរអភិវឌ្ឍន៍ចូលរួមជួយសាលារៀនសាធារណៈតាមរយះមូលនិធិដំណើរការសាលារៀន
ត្រូវរៀបចំរូបមន្ដថវិកាដាច់ដោយឡែក ឬយកតាមរូបមន្តថវិការដ្ឋដោយមានការឯកភាពពីក្រសួងអប់រំ
យុវជន និងកីឡា។
ថវិកាសហគមន៍៖ គណៈគ្រប់គ្រងសាលានៅតាមមូលដ្ឋាន
ត្រូវធ្វើការអំពាវនាវ ផ្សព្វផ្សាយដល់សហគមន៍ សមាគមន៍មាតាបិតា
សប្បុរសជនបង្កើតកម្មវិធីនានាដើម្បីទទួលបានចំណូលក្នុងសាលារៀន។
ថវិកាផ្សេងៗ៖ សាលារៀនអាចរកចំណូលបានពីផាស៊ីកង់
ម៉ូតូ ផលិតផលស្នាដៃសិស្ស អាហារដ្ឋាន។
C.
ឯករាជភាពនៃធនធានហិរញ្ញវត្ថុសាលារៀន
តាមរបាយការចំណាយថវិកាលើវិស័យអប់រំរបស់នាយកដ្ឋានថវិកានីយកម្ម
នៃអគ្គនាយកដ្ឋានថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា
ថវិកាដែលរដ្ឋបានទម្លាក់ទៅក្រសួងអប់រំមានចំនួនតិចតួច
និងស្ទួចស្ដើងក្នុងការអភិវឌ្ឍន៍
និងពង្រឹងគុណភាពអប់រំឱ្យបានល្អប្រសើរខ្លាំងណាស់។លើសពីនេះទៅទៀតភាពមិនឯករាជក្នុងការប្រើប្រាស់ថវិការវាងថ្នាក់ថ្នាក់ក្រោម
និងថ្នាក់លើគ្រប់កម្រឹតធ្វើឱ្យការអនុវត្តការងារមិនមានប្រសិទ្ធភាព។ឧ.កម្រឹតសាលារៀន
និងមិនមានសកម្មភាពណាមួយនោះឡើយ ប្រសិនបើថវិកាមិនទាន់ទម្លាក់ដល់សាលា។
សាលាសាធារណៈដែលអាចរកចំណូលដោយខ្លួនឯងបាន និងមានស័្វយគ្រប់គ្រងហិរញ្ញវត្ថុ
និងឯករាជភាពក្នុងការរៀបចំផែនការសកម្មភាពអភិវឌ្ឍន៍បានល្អប្រសើរ។
ជាក់ស្ដែងដូចជាសាលាជំនាន់ថ្មី ដែលមានការរួមធនធានហិរញ្ញវត្ថុពីរាជរដ្ឋាភិបាល
និងសមាគមន៍មាតាបិតាសិស្ស។សាលរៀនជំនាន់ថ្មីមានគោលនយោបាយច្បាស់លាស់ក្នុងការស្វះស្វែងរកការផ្គត់ផ្គង់ហិរញ្ញវត្ថុដូចខាងក្រោម[12]
v សាលារៀនជំនាន់ថ្មីអាចទទួលបានធនធានហិរញ្ញវត្ថុពីប្រភពជាច្រើនរួមទាំងហិរញ្ញប្បទានដោយផ្ទាល់របស់រាជរដ្ឋាភិបាល
ដៃគូរអភិវឌ្ឍន៍ អង្គការអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាស្ថាប័ន និងមូលនិធិឯកជន។
v សាលារៀនជំនាន់ថ្មីអាចធ្វើការចរចារដោយផ្ទាល់ជាមួយការចែករំលែកដោយស្មគ្រចិតរបស់មាតាបិតាសិស្សបន្ទាប់ពីរយះពេលបីឆ្នាំនៃការអនុវត្តផ្អែកលើលក្ខ័ណការទទួលស្គាល់គុណភាពអប់រំរបស់ពួកគេ។
v ក្រសួងអប់រំ យុវជន
និងកីឡា និងរៀបចំ មូលនិធិសមធម៌សង្គមដើម្បីធានាថាការចរចារជាមួយឪពុកម្ដាយសម្រាប់ការចែករំលែកមិនផ្ដល់ផលប៉ះពាល់ជាអវិជ្ជមានដល់គ្រួសារក្រីក្រនោះទេ
v សាលារៀនជំនាន់ថ្មីអាចថែមទាំងបង្កើតប្រាក់ចំណូលផ្ទាល់ខ្លួនតាមរយះការជួលកុងទីន
មូលនិធិអំណាយទាន និងទម្រង់បែបបទរកចំណូលក្នុងស្រុកផ្សេងទៀតដើម្បីធានានិរន្តភាព
v សាលារៀនជំនាន់ថ្មីនិងរៀបចំគម្រោងវិនិយោគរៀងរាល់ឆ្នាំដើម្បីធានា
និងធ្វើឱ្យប្រសើរឡើងនូវស្ដង់ដារ។
សូមអរគុណ!!!
|
[1]
សៀវភៅសេដ្ឋកិច្ចវិទ្យា ថ្នាក់ទី១១
បោះពុម្ភឆ្នាំ២០១៦ ទំ.១១
[2]
Foundation of Economics and Management, Institute of Cost Accountant of
India,2014,p.12
[3]
សៀវភៅប្រវត្តិនៃការអប់រំ បឋម និងមធ្យម
នៅកម្ពុជា និពន្ធដោយលោក យ៉ង ធី និង ស៊ន សំណាង ឆ្នាំ ១៩៩៩
[4]
សៀវភៅឆ្ពោះទៅរកឆ្នាំ២០៣០
ចក្ខុវិស័យថ្មីនៃវិស័យអប់រំ របស់ក្រសួងអប់រំ ឆ្នាំ ២០១៥
[5]
សៀវភៅ ផែនទីបង្ហាញផ្លូវ
ការអប់រំកម្ពុជាឆ្នាំ២០៣០ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ឆ្នាំ២០១៩ ទំព័រទី១៦
[6]
សៀវភៅថវិការសង្ខេប
ឆ្នាំ២០១៦របស់នាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា របស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ទំ.១៦
[7]
សៀវភៅថវិការសង្ខេប ឆ្នាំ២០១៧ របស់នាយកដ្ឋានថវិកានីយកម្ម
នៃអគ្គនាយកដ្ឋានថវិកា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំ.១៥
[8]
សៀវភៅថវិការសង្ខេប ឆ្នាំ២០១៨
របស់នាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា របស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ទំ.១៩
[9]
សៀវភៅថវិការសង្ខេប ឆ្នាំ២០១៩
របស់នាយកដ្ឋានថវិកានីយកម្ម នៃអគ្គនាយកដ្ឋានថវិកា របស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ទំ.២០
[10]
សៀវភៅ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤
ឆ្នាំ២០១៩
[11]
សៀវភៅ គោលការណ៏ណែនាំ
ស្ដីពីការគ្រប់គ្រងមូលនិធិដំណើរការសាលារៀនសាធារណៈ ឆ្នាំ ២០១៨
[12]
សៀវភៅ គោលនយោបាយសាលារៀនជំនាន់ថ្មី ឆ្នាំ
២០១៦
No comments:
Post a Comment