Tuesday, March 15, 2022

ពោះវៀនបត់សន្ទះ


មួយចាស់ពោលថា ធ្វើកិច្ចអ្វីត្រូវចេះបត់បែនទៅតាមកាល:ទេស: និងស្ថានភាពជាក់ស្ដែង។ កិច្ចការគឺសំដៅលើសកម្មភាព ទង្វើ ដែលមនុស្សត្រូវធ្វើឬបំពេញក្នុងដំណើរជីវិតឬជីវភាពរស់នៅប្រចាំថ្ងៃ។កិច្ចការខ្លះមានភាពងាយស្រួលក្នុងការបំពេញ ប៉ុន្តែការងារខ្លះទៀតមានភាពចម្រូងចម្រាស់ពិបាកក្នុងការសម្រេចបានជាផ្លែផ្កាណាស់។ ភាពចម្រូងចម្រាស់នេះកើតមានឡើងដោយសារភាពមិនស៊ីចង្វាក់ក្នុងសម្រេចចិត្តឬក៍ការប្រកាន់និន្នាការដាច់ដោយឡែកពីគ្នា ឬយើងនិយាយដោយខ្លីថាទស្សនះផ្ទុយគ្នារវាងអ្នកអនុវត្តការងារ។ ជាក់ស្ដែងនៅក្របខណ្ឌការងារក្នុងស្ថាប័នកងការងារមួយដែលមានបុគ្គលិកភាគច្រើនជាសាច់ញាតិរបស់ប្រធានស្ថាបន្ថ រាល់កិច្ចការដែលប្រធានស្ថាប័ននោះសម្រេចមិនសូវមានការជំទាស់នោះទេ។ ប្រសិនបើមានបុគ្គលិកភាគតិចជំទាស់នោះក៍មិនងាយជំទាស់បានជោគជ័យដែរ។ ទោះបីជាការជំទាស់បានជោគជ័យ ប្រធានស្ថាប័ននិង ក្រុមរបស់គាត់និងព្យាយាមទម្លាក់រាល់បញ្ហាដែលពួកគេធ្លាប់ធ្វើខុសពីមុនមកដើម្បីអោយអ្នកជំទាស់នោះទទួលខុសត្រូវ។ ជារួមទោះចង់មិនចង់មតិភាគតិចក្រៅសម្ព័ន្ធខ្សែស្រឡាយត្រូវបង្ខំចិត្តសម្របខ្លួននិងអនុវត្តតាមសម្ព័ន្ធខ្សែស្រឡាញ់ទាំងនោះ។ 
      លទ្ធផលរបស់ជំទាស់គឺត្រូវបានក្រុមម្ខាងទៀតប្រើជាឧបករណ៍ទទួលស្គាល់កំហុស និងកាត់បន្ថយសម្ពាធន៍ ពីមជ្ឈដ្ឋានផ្សេងៗ។ ក្រុមដែលជំទាស់មិនសម្រេចបន្តិចម្ដងៗនឹងសុាំទៅកិច្ចការដែលខុសហើយអាចនឹងព្រមទទួលយកនូវគ្រប់លក្ខ័ណរបស់ក្រុមខ្សែស្រឡាយ។
     ឧទាហរណ៍ថាស្ថានបន្ថសាលារៀនសាធារណ:មួយដែលនាយកសាលាមានសាច់ញាតិមានតួនាទីជាគណនេយ្យ ជាលេខា ជាប្រធានក្រុមបច្ចេកទេស និងជាបុគ្គលិកបង្រៀនផងនោះ មិនពិបាកក្នុងការប្រព្រឹត្តិអំពើពុករលួយនោះទេ។ ចំណែកឯបុគ្គលិកផ្សេងទៀតទេដឹងថាមិនត្រឹមត្រូវតែក៍មិនហ៊ានតវ៉ា ឬបង្ហាញភាពត្រឹមត្រូវដែរ ព្រោះយល់ឃើញត្រូវបានក្រុមគេធ្វើបាន ឬដាក់គំនាប ឬធ្វើទុកបុកម្នេញលើខ្លួន។
     ក្នុងវិស័យនយោបាយបែបលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្រោយការបោះឆ្នោតសមាសភាពចូលបំពេញការងារដែលមកពីគណបក្សផ្សេងៗពីគ្នាត្រូវធ្វើកិច្ចការបម្រើពលរដ្ឋរួមអង្គភាពតែមួយ។ ការសម្រេចចិត្តលើផែនការអ្វីមួយទាមទារនូវសំឡេងឆ្នោតគាំទ្រច្រើនជាងសំឡេងឆ្នោតជំទាស់។ ឧប្បមាថាបើបក្សដែលបានឈ្នះឆ្នោតបានដាក់សមាជិកបក្សរបស់ខ្លួនច្រើនក្នុងអង្គភាពនោះមតិជំទាស់ក៍គ្មានប្រសិទ្ធភាព។ ក្រុមជំទាស់ត្រូវសម្របតាមសម្រេចចិត្តរបស់មតិភាគច្រើន។ 
     នៅសម័យប៉ុលពតគេប្រើកុមារមិនទាន់ដឹងក្ដីអោយសម្លាប់ឪពុកម្ដាយ និងសាច់ញាតិបង្កើតខ្លួនឯង ឬប្រើមនុស្សអវិជ្ជាកាន់ការងារធំដើម្បីងាយប្រើនិងងាយបំបាត់ចោល។ មនុស្សដែលមានចំណេះដឹងខ្ពស់ធ្វើខ្លួនជាមនុស្សឆ្កួតធ្វើគធ្វើថ្លង់ដើម្បីរួចជីវិត។ នេះជាការបត់បែនទៅតាមស្ថានភាព។
    សរុបសេចក្ដីមកពំនោលបុរាណបានបង្ហាញថាធ្វើអ្វីក៍ដោយកុំត្រង់ពេក កុំងុបងុលពេក កុំចចេសពេក កុំរឹងរួសពេក ត្រូវចេះសម្របខ្លួនទៅតាមកាល:ទេស:។ ហើយពាក្យបុរាណខាងលើនេះកំពុងជំនួសដោយពាក្យថ្មីជាច្រើនដូចជា ត្រូវចេះមើលខ្យល់ ត្រូវមានពោះវៀនបត់សន្ទះ ត្រូវដើរឱ្យទាន់បរិបទសង្គម ត្រូវចេះមើលគេមើលឯង ឬចេះតម្រឹមការគិតតាមគំនិតក្រុមមនុស្សភាគច្រើនជាដើម។

No comments: